សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង និងអេនធើប្រាយវីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៤ ជុំទី២
ខេត្តកំពត ១៣ ធ្នូ ២០២៤ – សហគ្រិនខ្មែរ អង្គការ អេដ អេ អាកស្យុង ក្នុងភាពជាដៃគូជាមួយអេនធើប្រាយ វីហ្សិនអាខេដេមី បានសហការរៀបចំកម្មវិធីបទបង្ហាញគំរូអាជីវកម្ម និងបិទវគ្គសិក្សានៃកម្មវិធី “ធ្វើឲ្យអាជីវកម្ម ប្រសើរឡើង” រដូវកាលទី៤ ជុំទី២។ កម្មវិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង និងវត្ដមានចូលរួមដោយសហស្ថានិកនៃអេនធើប្រាយវីហ្សិន គ្រូប្រឹក្សា សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា និងសមាជិកក្លឹបមិត្ដសហគ្រិនដែលជាសិក្ខាកាមបញ្ចប់វគ្គមុនៗ ។

.jpeg)
.jpeg)
កម្មវិធីត្រូវបានប្រព្រឹត្ដទៅមួយថ្ងៃពេញ ដោយបានចាប់ផ្ដើមជាមួយនឹងការធ្វើបទបង្ហាញគំរូអាជីវកម្មរបស់សហគ្រិន នៅពេលព្រឹក បន្ដដោយការប្រគល់វិញ្ញាបនបត្រនិងជ័យលាភីសម្រាប់សហគ្រិនឆ្នើម ហើយបញ្ចប់ដោយ សកម្មភាពបង្កើតបណ្ដាញអាជីវកម្មនៅពេលរសៀល ដែលបានណែនាំឲ្យសហគ្រិនចេះសកម្មភាពសំខាន់ពីរ គឺទីមួយ រៀនធ្វើបទបង្ហាញទៅកាន់ដៃគូក្នុងពេលខ្លី និងទីពីរកំណត់ដៃគូសហការអាជីវកម្មដែលល្អបំផុតឲ្យបាន៥។
ជាលទ្ធផល សហគ្រិនចំនួន ២២ រូប និងអ្នកស្វែងរកដំណោះស្រាយអាជីវកម្មចំនួន ១៨ រូប មកពីតាមបណ្ដាខេត្ដ ផ្សេងៗចំនួន ៩ បានបញ្ចប់ការសិក្សាពីកម្មវិធីដោយជោគជ័យ។ សហគ្រិន១៦រូប បានមកចូលរួមធ្វើបទបង្ហាញ ដោយផ្ទាល់ ហើយ ៣ រូបទៀត បានធ្វើបទបង្ហាញតាមអនឡាញ។ ក្នុងនោះដែរ សហគ្រិនចំនួន ៥ រូប ត្រូវបាន ជ្រើសរើសជាសហគ្រិនឆ្នើមដើម្បីទទួលបានថវិកាទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគេ (ដោយឆ្លងកាត់លក្ខណៈវិនិច្ឆ័យ សំខាន់ចំនួនបីគឺ ទីមួយ ការដាក់ពិន្ទុលើការខិតខំប្រឹងប្រែងសិក្សារបស់សហគ្រិន ទី២ ការដាក់ពិន្ទុលើការរីកចម្រើន បន្ទាប់ពីបញ្ចប់ការសិក្សារបស់គេដោយគ្រូប្រឹក្សា និងទី៣ ការដាក់ពិន្ទុលើការធ្វើបទបង្ហាញរបស់គេដោយ គណៈកម្មការ) ហើយ សហគ្រិនទាំងអស់នឹងក្លាយជាសមាជិកក្លឹបមិត្ដសហគ្រិនរបស់យើង (បណ្ដាញសហគ្រិន គាំទ្រដោយសហគ្រិនខ្មែរ បង្កើតឡើងដើម្បីបន្ដទំនាក់ទំនងគ្នា និងបន្ដការសិក្សារៀនសូត្រ)។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តម្រូវឱ្យមានការថែទាំទៅកាន់សហគ្រិនទៅតាមប្រភេទនីមួយៗ ដោយមិនគួរមើលរំលង ជាពិសេសសហគ្រិននៅតាមបណ្តាខេត្ត តាមរយៈកម្មវិធីដែលអាចផ្តល់ឱកាសឱ្យសហគ្រិន បង្ហាញពីសក្តានុពលអាជីវកម្ម ដើម្បីជំរុញនិងបង្កើតសហគ្រិនជំនាន់ថ្មី មកបន្ថែមជាធនធានមនុស្ស ដែលអាចបង្កើត គំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។”
.jpeg)
.jpeg)
.jpeg)
លោក វន សំភាស់ នាយកប្រចាំប្រទេសនៃ អង្គការ អេដ អេ អាកស្យុង មានប្រសាសន៍ថា៖ “យើងរួមគ្នាវិនិយោគលើវិស័យអប់រំ សហគ្រិនភាព និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ក្នុងភាពជាដៃគូក្នុងកម្មវិធីធ្វើឲ្យ អាជីវកម្មប្រសើរឡើងនេះ យើងពិតជារំភើបណាស់ ដែលបានឃើញការអភិវឌ្ឍ និងដំណោះស្រាយប្រកបដោយ ចីរភាពរបស់សហគ្រិនម្នាក់ៗ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច បរិស្ថាន និងទេស ចរណ៍ធម្មជាតិប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា”។
លោក សេង រតនៈវិស្ស័យ នាយកប្រតិបត្ដិនៃ អេនធើប្រាយវីហ្សិន បានសង្កត់ធ្ងន់ថា “ក្នុងភាពជាដៃគូជាមួយសហគ្រិនខ្មែរ និងអង្គការ អេដ អេ អាកស្យុង យើងបានពង្រីកកម្មវិធី ESF របស់យើងទៅ កាន់ទូទាំងប្រទេស។ ចាប់តាំងពីឆ្នាំ ២០២០ កម្មវិធីរបស់យើងបានទៅដល់ ២១ ខេត្ដ និងបានគាំទ្រអាជីវកម្មចំនួន ១៤២ អាជីវកម្ម និងយុវជនឬដៃស្ដាំសហគ្រិនចំនួន ២៤០ នាក់។ យើងពិតជាមានមោទកភាពក្រៃលែងដែលបាន ចូលរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឲ្យប្រសើរឡើង ហើយយើងនឹងបន្ដអភិវឌ្ឍកម្មវិធីគាំទ្រ ដល់សហគ្រិនឲ្យបានកាន់តែច្រើនទៀត។”
កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង (ESF) គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនភាពមាន រយៈពេល១៥សប្ដាហ៍ ដែលរួមបញ្ចូលការរៀនដោយខ្លួនឯងតាមអនឡាញ ការប្រឹក្សាជាក្រុមនិងជាបុគ្គលតាមប្រព័ន្ធ Zoom ការអភិវឌ្ឍផែនការអាជីវកម្ម និងការធ្វើបទបង្ហាញផែនការអាជីវកម្ម។ ក្លឹបមិត្ដសហគ្រិន (E-Friends) ជាបណ្ដាញសហគ្រិន បង្កើតឡើងសម្រាប់សហគ្រិនដែលបានបញ្ចប់កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើងនៅបន្ដ ទំនាក់ទំនងគ្នា និងបន្ដការសិក្សារៀនសូត្រ។ កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង និងក្លឹបមិត្ដសហគ្រិន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមភាពជាដៃគូរវាងសហគ្រិនខ្មែរ និងអេនធើប្រាយវីហ្សិនអាខេដេមី ដើម្បីជួយអភិវឌ្ឍសមត្ថភាពសហគ្រិននិងអាជីវកម្មរបស់គេ។
.jpeg)
.jpeg)
.jpeg)
.jpeg)
.jpeg)
ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក សេន ថៃ ប្រធានគម្រោង / ០៩៣ ៦១៩ ៧០៩ / thai@enterprisevision.net
អត្ថបទបន្ទាប់







