តោះ! មកមើលអាហារឆ្ងាញ់ៗ តម្លៃសមរម្យ ក្នុងកម្មវិធីតាំងពិពរណ៍បុណ្យសមុទ្រ នៅខេត្តកែប
នៅសល់តែ ២ថ្ងៃទៀតទេ ការតាំងពិពរណ៍ក្នុងពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នឹងត្រូវបញ្ចប់ហើយ។ មួយឆ្នាំមានម្តង កុំអោយរំលង មកមើលអាហារឆ្ងាញ់ៗមួយចំនួនដែលមានតម្លៃសមរម្យ ក្នុងការតាំងពិពរណ៍ម្ហូបអាហារ នៃពិធីបុណ្យសមុទ្រ។
១. ពងក្រួចអាំង
.jpg)
ជាអាហារសម្រន់ដែលមិនសូវឃើញមានគេលក់នៅលើទីផ្សារ។ អ្នកទាំងអស់គ្នាអាចសាកល្បងបាន ដោយក្នុង១ចង្កាក់មានតម្លៃត្រឹមតែ ២០០០៛ តែប៉ុណ្ណោះ។ គេអាំងភ្លាមៗ ញ៉ាំជាមួយទឹកប៉េងប៉ោះ។
២. ផ្លែឈើជ្រលក់ស្ករ
.jpg)
ផ្លែឈើជ្រលក់ស្ករ មានរសជាតិជូរផ្អែម ១ចង្កាក់ ៥០០០៛។ អ្នកទាំងអស់គ្នាអាចយកផ្លែស្រ្តបឺរីក៏បានរឺផ្លែទំពាំងបាយជូរក៏បាន ជាពិសេសគេជ្រលក់ស្ករអោយភ្លាមៗតែម្តង។
៣. ភីហ្សា និងនំដូណាត់

ងាកមកមើលភីហ្សានេះវិញ មានច្រើនរសជាតិ គេលក់ជាចំណិតៗ។ រីឯនំដូណាត់វិញមានច្រើនមុខ តូចៗល្មម ស្រួលទិញបានច្រើនរសជាតិ។
៤. ប្រហិតឈឹង

ប្រហិតឈឹងជាអាហារដ៏ពេញនិយមបំផុត ដោយក្នុង១ចង្កាក់ត្រឹមតែ ២០០០៛ប៉ុណ្ណោះ ទិញញុំាជុំគ្នា ក្តៅៗ និងមានរសជាតិដិត។
៥. ការ៉េមឆា

នេះណែ! ការ៉េមឆា! មានច្រើនរសជាតិ សុទ្ធតែផ្លែឈើស្រស់ៗ ដែលគេយកមកធ្វើជាការ៉េមភ្លាមៗតែម្តង។ បើបានទៅលេងតាំងពិពរណ៍ កុំភ្លេចចូលទិញការ៉េមឆាផងណា៎! តម្លៃ១ចាន ១០០០០៛។
៦. ការ៉េមកី

តោះ! ទៅរំលឹកអនុស្សាវរីយ៍កាលពីក្មេងជាមួយគ្នា។ ធ្លាប់ទិញការ៉េមកី ១ដើម ១០០៛ ទៅ ២០០៛ ឥឡូវការ៉េមកី ១ដើម ១០០០៛ មានរសជាតិទឹកក្រូច រសជាតិទឹកសូរ៉ូ រសជាតិសណ្តែក និងរសជាតិកាហ្វេ។ សរុបមកគឺរសជាតិដើមតែម្តង!
៧. គ្រឿងសមុទ្រក្រឡុក

គ្រាន់តែឃើញភ្លាម មានអារម្មណ៍ថាឃ្លានតែម្តង! ពិភពគ្រឿងសមុទ្រក្រឡុក ១ប្រអប់ ១០០០០៛ មានច្រើនមុខ។ អ្នកទាំងអស់គ្នាអាចយក អយស្ទ័រក្រឡុកក៏បាន រឺគ្រឿងក្រឡុកផ្សេងៗទៀតក៏បាន ដូចជាបង្គា មឹក និងជើងទាជាដើម។
៨. ផ្លែក្រឡាញ់

អ្នកណាខ្លះស្គាល់ផ្លែក្រឡាញ់? នេះជាផ្លែក្រឡាញ់ដែលបកសំបករួចជាស្រេច គេលក់ក្នុង១កំប៉ុង ត្រឹមតែ ៤០០០៛ តែប៉ុណ្ណោះ។ ទិញញុំាបណ្តើរ ជជែកគ្នាលេងបណ្តើរ កំដរបរិយាកាស។
៩. ទឹកព្រិលត្រចៀកកាំ

ទឹកព្រិលត្រចៀកកាំត្រជាក់ៗ ១ដបមានតម្លៃ ៧០០០៛ ញុំាដើម្បីជំនួយសុខភាព និងបំបាត់ការស្រេកទឹក។
១០. នំពពារ
ចង់ញ៉ាំនំពពារទេ? ១តម្លៃ ៣០០០៛។ បើនិយាយពីរសជាតិវិញ ផ្អែមឆ្ងាញ់ លាយជាមួយសាច់ដូង មានក្លិនឈ្ងុយ។
១១. ចាហួយដូងក្រអូប

ងាកមកមើល ចាហួយដូងក្រអូបវិញ គួរអោយចង់ញ៉ាំ។ គេមានចាហួយដូងក្រអូបដាក់ចាន និងចាហួយដូងក្រអូបដាក់ក្នុងផ្លែដូងតែម្តង។ អ្នកទាំងអស់គ្នាអាចរកទិញបានតាមចំណូលចិត្ត។

ក្រៅពីអាហារខាងលើ ក៏មានអាហារឆ្ងាញ់ៗជាច្រើនមុខទៀតដែលអ្នកទាំងអស់គ្នាអាចសាកល្បងបានផងដែរ។ កុំភ្លេចជួបគ្នានៅស្តង់លក់ម្ហូបអាហារនៅតំបន់ C មុខសាលាខេត្តកែប រហូតដល់ម៉ោង១០យប់។



អត្ថបទដោយ៖ ដែង សុជាតា
អត្ថបទបន្ទាប់







