ធុញថប់នឹងភាពអ៊ូអរក្នុងក្រុង សាកមកហាងកាហ្វេបែបស្ងប់ស្ងាត់ទាំង៦កន្លែងនេះម្តងមើល៍!
1. កាហ្វេភូមិចាស់

ភូមិចាស់ ជាភូមិលំហែដែលរៀបចំឡើងតាមបែបផ្ទះចាស់ៗនៅតាមជនបទ ស្ថិតក្នុងទីធ្លាដ៏ធំទូលាយ ពោរពេញដោយរុក្ខជាតិបៃតងតូចធំ មានខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិ។ ទីនេះមានលក់កាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ ទីតាំងស្ថិតនៅចម្ងាយពីក្រុងកំពតប្រហែល ១០គីឡូម៉ែត្រ។
2. ឃ្លាំងអំបិលកាហ្វេ

ហាងកាហ្វេនេះមានទីតាំងស្ថិតនៅតំបន់ស្រែអំបិលដែលហ៊ុំព័ទ្ធទៅដោយស្រែអំបិលតែម្តង។ នៅទីនេះមានលក់ជាកាហ្វេ និងភេសជ្ជៈ ពេលល្ងាចមានលក់ជាសាច់អាំងថែមទៀតផង។
3. ជ្រលងបៃតងវាលពួច

នៅទីនេះមានទេសភាពស្អាត ក្បែរទឹកហូរក្រោមស្ពានយោល ស្ថិតនៅកណ្តាលព្រៃព្រឹក្សាពណ៌ខៀវស្រងាត់បែបធម្មជាតិ។ យើងអាចអង្គុយផឹកកាហ្វេបណ្តើរ គយគន់ទេសភាពបណ្តើរ ពិតជាស្រស់ស្រាយណាស់។ ទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសវត្តវាលពួចប្រហែល ១គីឡូម៉ែត្រ។
4. Lotus Café

ខាងក្នុងហាងត្រូវបានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាត សាកសមសម្រាប់អ្នកចូលចិត្តថតរូប អមជាមួយកន្លែងអង្គុយមានផាសុកភាព ងាយស្រួលជជែកគ្នាលេង រឺយើងអាចអង្គុយទទួលទានកាហ្វេនៅបរិវេណក្រៅហាងក៏បាន ព្រោះទីនេះមានបរិយាកាសល្អ អាចគយគន់ទេសភាពវាលស្រែ និងភ្នំតាមបែបស្រុកស្រែជនបទ។ Lotus Café មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ (កំពត-ភ្នំពេញ) ចម្ងាយប្រហែល ៦០០ម៉ែត្រពីវត្តពោធិ៍។
5. កាហ្វេ MOl

MOl Coffee មានទីតាំងស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៤គីឡូម៉ែត្រ។ ជាហាងកាហ្វេមួយមានការរៀបចំស្អាតប្លែកភ្នែកទាំង Indoor និង Outdoor សម្បូរដោយប្លង់ថតរូបស្អាតៗ ជាពិសេសស្ថិតនៅជិតមាត់ទឹក។
6. កាហ្វេវេហា

កាហ្វេវេហា មានទីតាំងស្ថិតនៅលើទឹកដីឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរង្វង់មូលទុរេន គឺនៅលើកំពូលភ្នំក្បែរទំនប់ប្រទាក់ក្រឡាតែម្តង។ នៅទីនេះ យើងអាចគយគន់ទេសភាពយ៉ាងស្រស់ស្អាតរួមមាន ជួរភ្នំ ទំនប់ទឹក និងចម្ការរបស់អ្នកស្រុកជាដើម។
អត្ថបទដោយ៖ ឡុង ថុនី