...

...

...
...

...

...

...

21.7K

កន្លែងដើរលេងទាំង ១៥ ដែលមិនគួររំលងនៅខេត្តកំពត

អំពី

ទំនាក់ទំនង

21/08/2023

 

រៀបគម្រោងដើរលេងហើយឬនៅ? បើបានមកកំពត កុំភ្លេចចូលលេងកន្លែងទាំង ១៥នេះផង ដែលកន្លែងនីមួយៗសុទ្ធសឹងតែជាគោលដៅដ៏គួរអោយចាប់អារម្មណ៍។

 

1. ឆ្នេរកោះស្មៅ

ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។  ឆ្នេរនេះមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ដែលយើងអាចអង្គុយញុំាអាហារបណ្តើរ មើលថ្ងៃលិចបណ្តើរ ពិតជាស្រស់ស្រាយណាស់។

លម្អិត៖ https://www.visitkampot.info/71/koh-smav-beach

 

2. រង្វង់មូលទុរេន

បើបានមកកំពត កុំភ្លេចចូលថតរូបនៅ រង្វង់មូលទុរេន ផង។ ទីនេះជារង្វង់មូលតំណាងអោយខេត្តកំពត ដែលភ្ញៀវទេសចរតែងតែចូលថតរូបលេងមិនសូវខាន។ 

លម្អិត៖ https://www.visitkampot.info/68/durian-roundabout

 

3. មាត់ព្រែក

មាត់ព្រែកកំពត ជាកន្លែងលំហែកាយដ៏ពេញនិយមបំផុតសម្រាប់អ្នកខេត្តកំពត​ និងភ្ញៀវទេសចរមកពីបណ្តាខេត្តដទៃទៀត។ ជារៀងរាល់ល្ងាច គេសង្កេតឃើញមានមនុស្សច្រើនកុះករនៅតាមបណ្តោយមាត់ព្រែក ខ្លះដើរហាត់ប្រាណ ជជែកគ្នាលេង និងអង្គុយលំហែកាយ មើលថ្ងៃលិចដ៏ស្រស់ស្អាត។

លម្អិត៖ https://www.visitkampot.info/69/public-garden-along-the-river

 

4. ភ្នំឈ្ងោក

ជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ សម្រាប់អ្នកចូលចិត្តស្វែងយល់ពីរូងភ្នំបុរាណបែបប្រវត្តិសាស្រ្ត អាចសាកល្បងមកទីនេះបាន។ យើងអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។

លម្អិត៖ https://www.visitkampot.info/83/phnom-chhngok

 

5. ទំនប់ម្លេច

នៅក្រុងយូរៗ មានអារម្មណ៍ធុញថប់ ចង់ដូរបរិយាកាស មកលំហែកាយបែបជនបទ អ្នកទាំងអស់គ្នាអាចមក ទំនប់ម្លេចបាន។ ទំនប់​នេះ​ត្រូវបានកសាងឡើង​ក្នុងសម័យ​ខ្មែរក្រហម មានចម្ងាយត្រឹមតែ ៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លម្អិត៖ https://www.visitkampot.info/105/mlech-lake

 

6. ទឹកធ្លាក់វាលពួច

អ្នកណាខ្លះចូលចិត្តដើរផ្សងព្រេងទៅលេងទឹកធ្លាក់ក្នុងព្រៃ? ទឹកធ្លាក់វាលពួច​ ជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តលេងទឹក ដើរបោះតង់បែបផ្សងព្រេងលក្ខណៈជាក្រុម។ 

លម្អិត៖ https://www.visitkampot.info/101/veal-pouch-waterfall

 

7. ទឹកឈូ

ជឿថាភ្ញៀវទេសចរភាគច្រើន ច្បាស់ជាស្គាល់រមណីយដ្ឋានដ៏ល្បីប្រចាំខេត្តកំពតនេះហើយ។ ទឹកឈូ ជារមណីយដ្ឋានដែលមានវ័យចំណាស់ និងទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរជារៀងរាល់ឆ្នាំ។ 

លម្អិត៖ https://www.visitkampot.info/92/tek-chhour

 

8. សហគមន៍នេសាទត្រពាំងសង្កែ

ចង់ជិះទូក ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះ និងជីវិតបែបសហគមន៍ អាចមកកាន់ សហគមន៍នេសាទត្រពាំងសង្កែ បាន។ នៅទីនេះ អ្នកទាំងអស់គ្នាអាចគយគន់ទេសភាពដើមកោងកាងពណ៌ខៀវស្រងាត់ ដុះលាតសន្ធឹករាប់សិបហិកតា ក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមួយ។ 

លម្អិត៖ https://www.visitkampot.info/81/trapeang-sangkae-community-fishery-kampot

 

9. ស្រែអំបិល

ធ្វើម្ហូបនៅផ្ទះ ប្រើអំបិលរាល់ថ្ងៃ ចង់ដឹងថាគេផលិតអំបិលរបៀបណា អាចមក ស្រែអំបិលបាន។  ក្រៅពីជាកន្លែងផលិតអំបិល ទីនេះក៏ជាតំបន់ទេសចរណ៍ដែលគេចូលចិត្តជិះមកលំហែកាយនាពេលល្ងាចផងដែរ។

លម្អិត៖ https://www.visitkampot.info/80/salt-fields

10. ភូមិក្តាត

ភូមិនេះគឺ​ជា​ទី​កន្លែងមួយដែលមានសក្តានុពលដ៏ច្រើនសម្បូរបែប ព្រោះមានទីតាំងស្ថិតនៅក្បែរសមុទ្រ មានទេសភាពភ្នំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត រួមទាំងគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។

លម្អិត៖ https://www.visitkampot.info/63/kdat-village

 

11. ដូងទេរ

ចង់ទៅលេងឆ្នេរជាប់មាត់ទឹក មានទេសភាពភ្នំ អាចមក រមណីយដ្ឋានដូងទេរ បាន។ ទឹកនៅទីនេះមានសភាពថ្លាឆ្លុះដល់បាត អាចហែលលេងកម្សាន្តបាន និងមានកីឡាលើទឹកជាច្រើនប្រភេទផងដែរ។

លម្អិត៖ https://www.visitkampot.info/91/រមណីយដ្ឋានដូងទេរ

 

12. ចំការម្រេច

ម្រេចកំពត ជាផលិតផលដ៏ល្បីមួយដែលគេទទួលស្គាល់ជាលក្ខណៈពិភពលោក។ តើអ្នកទាំងអស់គ្នាចង់ទៅទស្សនាចំការម្រេចដែរឬទេ? នៅទីនេះ យើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណាន រៀនធ្វើម្ហូប និងអាចជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា និងសកម្មភាពកម្សាន្តជាច្រើនទៀត។

លម្អិត៖ https://www.visitkampot.info/85/kampot-pepper

 

13. បូកគោ

ភ្នំបូកគោ ជារមណីយដ្ឋានដ៏សំខាន់មួយក្នុងខេត្តកំពត ព្រោះនៅលើភ្នំនេះសម្បូរដោយទីតាំងទេសចរណ៍ជាច្រើនកន្លែង ទាំងសំណង់អគារសម័យបារាំង វត្តអារាម វិហារកាតូលិក ទឹកធ្លាក់ និងទីតាំងជាច្រើនទៀត។ 

កន្លែងទេសចរណ៍លើភ្នំបូកគោ៖ https://www.visitkampot.info/searchResult?f=1&c=41

 

14. ល្អាងភ្នំកំពង់ត្រាច

រមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន មានទីតាំងស្ថិតនៅភាគខាងកើតនៃក្រុងកំពត ក្នុងស្រុកកំពង់ត្រាច។ គុហាជាច្រើនត្រូវបានរកឃើញនៅ​ទីនេះ​ដូចជាល្អាងស្ការហនុមាន រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុងជាដើម។ 

លម្អិត៖ https://www.visitkampot.info/88/kampong-trach-mountain

 

15. ល្អាងភ្នំទឹក

ក្រៅពីល្អាងភ្នំកំពង់ត្រាច ល្អាងភ្នំទឹកគឺជារមណីយដ្ឋានដ៏អស្ចារ្យមួយដែលអ្នកមិនគួរមើលរំលង។ ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្ម រួចបន្តដំណើរដោយថ្មើរជើងចូលទៅល្អាងខាងក្នុង១ដំណាក់កាលទៀត។

លម្អិត៖ https://www.visitkampot.info/547/terk-mountain

 

អត្ថបទដោយ៖ ដែង សុជាតា