× អំពី ទំនាក់ទំនង

ថ្នាក់ដឹកនាំខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី៤០ ឆ្នាំ២០២០ ជាមួយនឹងប្រជាពលរដ្ឋសរុបប្រមាណជា៤០០នាក់នៅស្រុកកំពង់ត្រាច។

[ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី ៤០ ឆ្នាំ២០២០ ក្រោមប្រធានបទ " ទេសចរណ៍និងការអភិវឌ្ឍជនបទ" ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ]

          នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកស្អាត (world cleanup Day)លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ២០២០ (world Tourism Day 2020)លើកទី៤០ ក្រោមប្រធានបទ " ទេសចរណ៍និងការអភិវឌ្ឍជនបទ" ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានភ្នំកំពង់ត្រាច ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។ នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជា ៤០០នាក់ ។

បន្ទាប់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល​ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តមជាវ តាយ បានឡើងថ្លែងសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ "ទេសចរណ៍និងការអភិវឌ្ឍន៍ជនបទ" ។

ក្រោយមក ឯកឧត្តមអភិបាលខេត្ត បានមានមតិសំណេះសំណាល ក្នុងពិធីដ៏មានសារៈសំខាន់នេះថា ទីតាំងរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជារមណីយដ្ឋានដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ និង ជាកន្លែងដែលស្ថិតនៅតំបន់ជនបទសាកសមសម្រាប់ប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក ស្របទៅនឹងប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ ។

ស្របពេលនោះដែរ ឯកឧត្តមក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកកំពង់ត្រាចនិងក្រុង ព្រមទាំងស្រុកដទៃទៀតនៃខេត្តកំពត យកចិត្តទុកដាក់លើការងារ ថែរក្សាអនាម័យ និងបរិស្ថាននៅតាមទីកន្លែងផ្សេងៗក្នុងខេត្ត ជាពិសេស នៅតាមរមណីយដ្ឋានទេសចរណ៍ឱ្យក្លាយជាពណ៌បៃតងដើម្បីឱ្យខេត្តកំពតទាំងមូលក្លាយជាទីក្រុងបៃតងផងដែរ ។

សូមបញ្ជាក់ថាផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាគម្រោងសាងសង់ផ្លូវបេតុងដែលបានសាងសង់រួចរាល់ 50% ហើយ នៅសល់ផ្លូវប្រវែងប្រហែលជាង ១ គីឡូម៉ែត្រទៀត មិនទាន់បានសាងសង់ ដូចនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងសាងសង់ផ្លូវបេតុងដែលនៅសេសសល់នេះឲ្យបានរួចរាល់ជាស្ថាពរនៅមុនថ្ងៃចូលឆ្នាំខ្មែរក្នុងឆ្នាំ ២០២១ខាងមុននេះ ។

នៅចុងបញ្ចប់នៃពិធី ក៏មានការចូលរួមប្រមូលសំរាមជុំវិញរមណីយដ្ឋានភ្នំកំពង់ត្រាច ពី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត