× អំពី ទំនាក់ទំនង

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ចុះពិនិត្យទីលានចាក់សំរាមសម្រាប់ក្រុងកំពត ដែលកំពុងដំណើរការកសាងនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត

[ ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ]

          ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងនៃការដ្ឋានសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ 

ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ប្រាក់ថវិកាក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ២លានដុល្លារ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ មានថេរវេលាសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដីប្រមាណជាង១០ ហ.ត ។

គម្រោងនេះបានចាប់ អនុវត្តតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖

១.ទីលានចាក់សំរាម២ថត ចំនួន២

២.ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២

៣.ទីលានត្រង់ទឹកកខ្វក់ និងលំហួត

៤.អាគាររដ្ឋបាល និងប៉ុស្តិ៍យាម

៥.អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក

៦.ជួសជុលផ្លូវចូលទីលានកប់សំរាម

៧.កន្លែងថ្លឹងរថយន្ត

៨.កន្លែងស្តុក និងញែកសំរាម

៩.ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម ដែលបច្ចុប្បន្ននេះការអនុវត្តគម្រោងសាងសង់នេះបានប្រមាណជាង១៦ភាគរយហើយ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិស្ថានក៏ដូចជាទីលានកន្លែងទុកដាក់ និងចាក់សំរាម គឺជាបញ្ហាសំខាន់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែកធ្វើឲ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង។ ដោយឡែកសម្រាប់ទីក្រុងកំពតបច្ចុប្បន្នបញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាមទារឲ្យរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឲ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយនឹងក្រុមហ៊ុនម៉ៅការឲ្យបានល្អ ដើម្បីឲ្យដំណើរការកសាងទីលានចាក់សំរាមនេះ បានលឿនឆាប់រហ័ស ទៅតាមគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការលើកកំពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ប្រភព៖ រដ្ឋបាលខេត្តកំពត