× អំពី ទំនាក់ទំនង

អភិបាលខេត្តកំពតបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ (COVID 19) ជូនប្រជាពលរដ្ឋនៅមណ្ឌលនៃមន្ទីពេទ្យ ស៊ុន យ៉ាឃៀល ក្នុងខេត្តកំពត

[ ព្រឹកថ្ងៃសុក្រ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ]

​​           ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួន បានបន្តចុះពិនិត្យ ដំណើរការនៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌល ផ្តល់វ៉ាក់សាំង នៃមន្ទីរពេទ្យ អនុស្សាវរីយ៍ស៊ុន យ៉ាឃៀល ស្ថិតក្នុង ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

    ក្នុងដំណើរនៃការចុះពិនិត្យ គឺក្នុងគោលបំណងដើម្បីសម្ដែងការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការរួមចំណែកប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត។

      ប្រសាសន៍សំណេះសំណាលឯកឧត្តមជាវតាយអភិបាលខេត្តបានថ្លែងអំណរគុណកោតសរសើរដល់ថ្នាក់ដឹកនាំ និងគ្រូពេទ្យនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀលដែលបានរួមចំណែកក្នុងវិស័យសុខាភិបាលដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពតនារយៈពេលកន្លងមកពិសេសក្នុងយុទ្ធនាការនៃការចាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលរដ្ឋបាលខេត្តកំពតបានដំណើរការចាក់ជូនប្រជាពលរដ្ឋ ដែលមានថ្នាក់ដឹកនាំ និងគ្រូពេទ្យមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀលបានចូលរួមលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តទីកន្លែងពេលវេលាដោយស្ម័គ្រស្មោះដូចនៅពេលនេះជាសក្ខីភាពស្រាប់។

      ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលមានចំនួនយ៉ាងច្រើនផុលផុសទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើងមក លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ​ និងការរើសអើង ហើយបើទោះបីបានទទួលវ៉ាក់សាំងហើយក្ដី ក៏ត្រូវអនុវត្តនូវវិធានការសុខាភិបាលឲ្យបានល្អ គឺ៣កុំនិង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ។

  សូមបញ្ជាក់ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋលើកទី៣នេះ សម្រាប់ខេត្តកំពត មានវ៉ាក់សាំងកូវីដ១៩ ពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥៨៥២ដូស ហើយមានមណ្ឌលផ្តល់វ៉ាក់សាំងចំនួន ៦ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត, សាលាបឋមសិក្សាហ៊ុន សែន១មករា, មន្ទីរពេទ្យអនុស្សាវរី ស៊ុន យ៉ាឃៀល, មណ្ឌលសុខភាពត្រពាំងរពៅ, មណ្ឌលសុខភាពត្រពាំងសង្កែ, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច, មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី ក្នុងនោះរយៈពេលបីថ្ងៃ តាមរបាយការណ៍ក្រុមការងារមន្ទីរសុខាភិបាលខេត្ត គិតត្រឹមថ្ងៃទី១៥ ខែកក្កដានេះ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសរុប១៣.១២៨នាក់ មានស្រី ៨.១៩៧នាក់។

ប្រភពពី៖​ រដ្ឋបាលខេត្តកំពត