× អំពី ទំនាក់ទំនង

ពិធីប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពត

[ ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២១ ]

          ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង ខេត្តកំពត ឯកឧត្តម លាង សំណាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតជំនួសឯកឧត្តម ឡុង កេសភីរម្យ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ដល់ប្រធានសាលាដំបូងដែលទើបត្រូវបានតែងតាំងថ្មីហើយឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តផ្តល់ការណែនាំដល់ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធានការនានា ស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ។

ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការនៃសាលាជម្រះក្តី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមដំណើរវិវត្តន៍នៃកំណែទម្រង់ដោយត្រូវបន្តសិក្សាជាប្រចាំហើយត្រូវចូលរួមលើកកម្ពស់កិត្តិយស  សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនេះចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងដែលទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវៀងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងនិងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ។

ប្រភពពី សាលាដំបូងខេត្តកំពត