ពិធីអបអរសាទរខួប ២០ឆ្នាំ នៃអង្គការសាលាភាសាបរទេសជុំគ្រៀល (Chumkriel Language School): ពន្លឺអប់រំដែលបំភ្លឺជីវិតកុមារក្នុងសហគមន៍កំពត
នៅថ្ងៃពុធទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ អង្គការសាលាភាសាបរទេសជុំគ្រៀល (Chumkriel Language School - CLS) បានរៀបចំពិធីអបអរសាទរខួបគម្រប់ ២០ឆ្នាំនៃការបង្កើតសាលា ដោយមានវត្តមានរបស់អតីតសិស្ស អ្នកគាំទ្រ អ្នកឧបត្ថម្ភ អាជ្ញាធរមូលដ្ឋាន ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាច្រើនទៀត។ ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្តន័យនិងភាពសោមន្សរីករាយជាខ្លាំងមួយ ដែលបង្ហាញពីដំណើររយៈពេល២០ឆ្នាំនៃការប្តេជ្ញាចិត្តដល់ការអប់រំ ការអភិវឌ្ឍសហគមន៍ និងការផ្លាស់ប្តូរជីវិតកុមារក្រីក្រ នៅក្នុងសហគមន៍ជុំគ្រៀលនិងសហគមន៍ជុំវិញ។
.jpg)
ប្រវត្តិសាលា និងគោលបំណងដ៏អស្ចារ្យ៖
អង្គការសាលាភាសាបរទេសជុំគ្រៀល(ស.ភ.ជ) បានចាប់ដំណើរការសកម្មភាពរបស់ខ្លួនក្នុងខែតុលា ឆ្នាំ២០០៥។ លោក ង៉ែត សុគន្ធី ជាគ្រូបង្រៀនសញ្ជាតិខ្មែរម្នាក់ ដោយបានមើលឃើញពីតម្រូវការចំណេះដឹងផ្នែកភាសាបរទេសរបស់អ្នកស្រុកនិងកូនចៅរបស់អ្នកស្រុកនៅក្នុងសហគមន៍នេះ លោកក៏បានផ្តួចផ្តើមបង្កើតឲ្យចេញជាអង្គការនេះឡើង។

អង្គការ ស.ភ.ជ. មានកម្មវិធីអប់រំ និងកម្មវិធីការគាំទ្រដល់ប្រជាពលរដ្ឋក្នុងសហគមន៍ជុំគ្រៀល និងសហគមន៍នៅជិតៗ។ អង្គការ ស.ភ.ជ. ស្ថិតក្នុងសហគមន៍ជុំគ្រៀល ក្នុងខេត្តកំពត។
ក្រោមការដឹកនាំរបស់ លោក ង៉ែត សុគន្ធី (Nget Sokonthy ) នាយកអង្គការសាលាបរទេសជុំគ្រៀល បានអភិវឌ្ឍពីសាលាតូចមួយជាស្ថាប័នសហគមន៍ពេញលេញ ដែលមានកម្មវិធីបំប៉នដល់សិស្សជាច្រើនរួមមាន៖
1. ថ្នាក់បង្រៀនភាសាអង់គ្លេសពេញម៉ោងនិងបន្ថែមម៉ោង
2. កម្មវិធីបណ្តុះបណ្តាលការអាននិងបណ្ណាល័យ
3. កម្មវិធីអភិវឌ្ឍសហគមន៍និងការសាងសង់លំនៅឋាននិងការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ
4. ការផ្តល់អាហារថ្ងៃត្រង់ដែលមានអាហារូបត្ថមនិងដឹកសិស្សមកសាលារៀន
5. កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានិងការប្រើប្រាស់កុំព្យូទ័រ
6. ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងគាំទ្រដល់សាលាបឋមនិងអនុវិទ្យាល័យជុំគ្រៀលនិងអង្គប្រិយ៍។
CLS មិនត្រឹមតែជាសាលា ប៉ុន្តែជាមជ្ឈមណ្ឌលសហគមន៍មួយ ដែលបង្រៀនមិនត្រឹមតែអក្សរ ប៉ុន្តែបង្រៀនពីបំនិនជីវិត ភាពឯករាជ្យ និងការរៀបចំអនាគតផងដែរ។
ក្នុងសុន្ទរកថាបើកពិធី លោក ង៉ែត សគន្ធី បានបញ្ជាក់ថា៖
“ខួប២០ឆ្នាំនេះ គឺជាឱកាសដ៏មានន័យសម្រាប់យើងទាំងអស់គ្នា។ ពីថ្ងៃដំបូងមក យើងមានគោលដៅតែមួយគត់គឺផ្តល់អនាគតល្អសម្រាប់កុមារ។ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ គ្រូបង្រៀន បុគ្គលិក ម្ចាស់ជំនួយ ប្រជាពលរដ្ឋ និងសហគមន៍ទាំងមូល ដែលបានជួយធ្វើឲ្យ CLS រីកចម្រើនដល់ថ្ងៃនេះ។”
.jpg)
ក្តីស្រឡាញ់ និងការគាំទ្រពីសហគមន៍
ពិធីនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ខៀវ ធនវុឌ្ឍី អនុប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តកំពត, លោកទុយ រុំ អភិបាលរងស្រុកទឹកឈូ ដែលបានចូលរួមជាគណៈធិបតីក្នុងពិធី និងថ្លែងអំណរគុណដល់ ម្ចាស់ជំនួយ ក្រុមការងារ CLS អ្នកឧបត្ថម្ភ និងភ្ញៀវកិត្តិយសទាំងអស់។
“អង្គការសាលាភាសាបរទេសជុំគ្រៀល គឺជាគំរូនៃភាពជោគជ័យដែលកើតចេញពីចិត្តស្មោះស្ម័គ្រនៃប្រជាពលរដ្ឋក្នុងសហគមន៍។ ការងាររបស់សាលានេះមិនត្រឹមតែផ្តល់អប់រំទេ ប៉ុន្តែបង្កើតភាពជឿជាក់ ក្តីសង្ឃឹម និងភាពរួបរួម។ ខ្ញុំមានមោទនភាពណាស់ដែលសាលានេះមានទីតាំងនៅស្រុកទឹកឈូ។”
លោកទាំងពីរបានផ្តល់ការលើកទឹកចិត្តដល់សិស្ស អតីតសិស្ស និងបុគ្គលិកឲ្យបន្តការងារដ៏មានតម្លៃនេះ ដោយថា “CLS គឺជាក្តីសង្ឃឹមរបស់ស្រុកទឹកឈូ និងខេត្តកំពត”។
ការជួបជុំអតីតសិស្ស និងការសម្តែងរបស់សិស្សបច្ចុប្បន្ន៖
ពិធីអបអរសាទរខួប២០ឆ្នាំក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់ អតីតសិស្ស CLS ដែលបានត្រឡប់មកជួបគ្នាឡើងវិញ បន្ទាប់ពីច្រើនឆ្នាំកន្លងមក។ ពួកគេបានចែករំលែកបទពិសោធន៍ជីវិត និងការអភិវឌ្ឍផ្ទាល់ខ្លួន បង្ហាញពីសារៈសំខាន់នៃការអប់រំ និងគុណតម្លៃដែល CLS បានផ្តល់ដល់ជីវិតពួកគេ។ ពួកគេទាំងនោះបានអះអាងថា CLS គឺជាចំណុចចាប់ផ្តើមនៃជីវិតថ្មីរបស់ពួកគេ។ អតីតសិស្សមួយចំនួនក្លាយជាគ្រូបង្រៀន មួយចំនួនក្លាយជាអ្នកជំនាញវិជ្ជាជីវៈ អ្នកគ្រប់គ្រងស្ថាប័ននានា និងមួយចំនួនក៏បង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
ក្រៅពីការបញ្ចេញចំណាប់អារម្មណ៍នៃភាពរីករាយ និងអំណរគុណ CLS ក៏បានរៀបចំកម្មវិធីសម្តែងសិល្បៈដោយសិស្សបច្ចុប្បន្ន ដែលរួមមានការរាំប្រពៃណី សម្តែងរឿងខ្លីអប់រំ និងបទចម្រៀងអប់រំចម្រុះ។ សិល្បៈទាំងនេះមិនត្រឹមជាការកម្សាន្តទេ ប៉ុន្តែជាការបង្ហាញពីភាពទទួលខុសត្រូវ និងស្នាមញញឹមរបស់សិស្សនៅ CLS

នៅចុងបញ្ចប់ CLS បានថ្លែងអំណរគុណដល់ ម្ចាស់ជំនួយទាំងអស់ អ្នកស្ម័គ្រចិត្ត អ្នកឧបត្ថម្ភទាំងអស់ ដែលបានជួយធ្វើឲ្យពិធីនេះកើតមានឡើង។ បច្ចុប្បន្ន CLS ទទួលបានការគាំទ្រពីអង្គការអន្តរជាតិ សប្បុរស និងអ្នកស្ម័គ្រចិត្តជាច្រើន ដែលជួយផ្តល់ជាសម្ភារៈ ការឧបត្ថម្ភថវិកា និងការបណ្តុះបណ្តាល។
លោកនាយកបានថ្លែងថា៖
“អ្វីដែលធ្វើឲ្យ CLS មានភាពពិសេសគឺមិនមែនត្រឹមតែសាលា ប៉ុន្តែជាគ្រួសារមួយ។ ការរួមចំណែករបស់គ្រប់គ្នាគឺជាអំណោយដ៏មានតម្លៃ។ ពីអ្នកឧបត្ថម្ភ អាជ្ញាធរ នាយកសាលា រហូតដល់សិស្ស និងសហគមន៍ទាំងមូល គ្រប់គ្នាមានតួនាទីក្នុងការសរសេរប្រវត្តិនៃភាពជោគជ័យនេះ។”
ពិធីបានបញ្ចប់ក្នុងភាព ផ្សាភ្ជាប់នៃក្តីស្រឡាញ់ ការអបអរសាទរ និងក្តីសង្ឃឹមថ្មីសម្រាប់អនាគត។
អង្គការសាលាភាសាបរទេសជុំគ្រៀល (Chumkriel Language School - CLS) គឺជាស្ថាប័នមិនរកប្រាក់ចំណេញដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត។ CLS ផ្តោតលើការផ្តល់អប់រំឥតគិតថ្លៃ ការបណ្តុះបណ្តាលជំនាញជីវភាព ការគាំទ្រគ្រួសារ និងការអភិវឌ្ឍសហគមន៍។
ក្នុងរយៈពេល២០ឆ្នាំមកនេះ CLS បានជួយកុមារជាង ២០,០០០នាក់ ឲ្យមានឱកាសរៀនសូត្រ និងបានជួយអភិវឌ្ឍសហគមន៍ជាច្រើននៅក្នុងស្រុកទឹកឈូ ខេត្តកំពត។

អត្ថបទបន្ទាប់