កន្លែងស្នាក់ស្អាតៗនៅកំពត ណែនាំសម្រាប់អ្នកក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ
មកលេងកំពតមិនដឹងស្នាក់នៅកន្លែងណាមែនទេ? ខាងក្រុមការងារ Visit Kampot សូមណែនាំកន្លែងស្នាក់ទាំង ១៦កន្លែង ដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានតាមតម្រូវការ។
1. Meraki Bungalow

Meraki Bungalow ជាបឹងហ្គាឡូដែលសង់ឡើងនៅដាច់ពីគ្នា ស្ថិតនៅជាន់លើខ្ពស់ផុតពីដី មានរានហាលខាងមុខធំល្មម អាចគយគន់ទេសភាពមាត់ព្រែកបាន។ ទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានកែច្នៃ ភូមិកំពត ចម្ងាយប្រហែលជិត 5គីឡូម៉ែត្រពីរង្វង់មូលទុរេន។
2. Devi Resort

សម្រាប់អ្នកធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារធំ អាចជ្រើសរើស Devi Resort បាន។ ទីនេះមានវីឡាឯកជនដ៏ប្រណិត ធ្វើឡើងពីឈើ ក្នុងរចនាបថបែបខ្មែរជំនាន់មុន។ វីឡានេះមានសភាពធំទូលាយ គេងបានគ្នាច្រើន មានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋានកែច្នៃ ភូមិកំពត ចម្ងាយប្រហែលជិត 5គីឡូម៉ែត្រពីរង្វង់មូលទុរេន។
3. RiverTree Villa & Resort

RiverTree Villa & Resort គឺជារីសតដ៏ប្រណិតមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានបន្ទប់គេងស្អាត ជាប់មាត់ទឹក ទីធ្លាធំទូលាយ មានសួនច្បារ បរិយាកាសស្ងប់ស្ងាត់ និងសម្បូរដោយសកម្មភាពកម្សាន្តជាច្រើន។
4. សណ្ឋាគារហ្វាយអេស
.jpeg)
សណ្ឋាគារហ្វាយអេស ជាកន្លែងស្នាក់ដ៏ប្រណិត មានទីតាំងស្ថិតនៅកណ្តាលក្រុងកំពត ក្នុងចម្ងាយត្រឹមតែ 100ម៉ែត្រពីរង្វង់មូលទុរេន និង50ម៉ែត្រពីផ្សាររាត្រី។ លក្ខណៈពិសេសនៅទីនេះ គឺសម្បូរដោយរុក្ខជាតិខៀវខ្ចីដែលខាងសណ្ឋាគារបានរៀបចំដាំលំអនៅបរិវេណទីធ្លា ជាមួយនឹងអាងហែលទឹកដ៏ស្រស់ស្អាត ក្នុងបរិយាកាសស្រស់ស្រាយបែបធម្មជាតិនៅកណ្តាលទីក្រុង។
5. បឹងហ្គាឡូព្រែកកំពត
.jpeg)
ទីនេះជាបឹងហ្គាឡូលំអដោយរុក្ខជាតិបៃតង មានរចនាបថទាក់ទាញ ជាពិសេសស្ថិតនៅជាប់មាត់ព្រែក។ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (ហួសស្ពានរថភ្លើងចម្ងាយ 200ម៉ែត្រ) ខាងស្តាំដៃ។
6. ភូមិគ្រឹះអង្គាបុស្ប

ភូមិគ្រឹះអង្គាបុស្ប មានបន្ទប់គេងច្រើនប្រភេទ រួមមានបន្ទប់ Sky View បន្ទប់ Family Connecting Room និងផ្ទះវីឡាឯកជនជាដើម។ ទីតាំងស្ថិតនៅក្នុងភូមិព្រែកត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ 900ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។
7. ឡូដស៍ មុនីឥស្សរា កំពត

ឡូដស៍ មុនីឥស្សរា កំពត គឺជារីសតដ៏ធំទូលាយ ស្ថិតនៅជាប់មាត់ទឹក មានផ្ទះស្នាក់ជាប្រភេទបឹងហ្គាឡូតូច និងបឹងហ្គាឡូធំលក្ខណៈបែបគ្រួសារ។ ទីតាំងស្ថិតនៅ ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល 6គីឡូម៉ែត្រពីរង្វង់មូលទុរេន។
8. នី ការ្យ ស្ម្សី កំពតរេស៊ីដិន

នី ការ្យ ស្ម្សី កំពតរេស៊ីដិន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ33 (កំពត-កែប) ក្នុងភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទីនេះជាកន្លែងស្នាក់ដែលរៀបចំឡើងមានលក្ខណៈប្រណិត ប្រកបដោយផាសុកភាព អមជាមួយអាងហែលទឹកធំទូលាយ។
9. ផ្ទះសំណាក់ ហូលីដេកំពត

ផ្ទះសំណាក់ ហូលីដេកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅវត្តត្រើយកោះ ក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានចម្ងាយប្រហែល 350ម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់)។ ចង់ Save Budget ជាមួយកន្លែងស្នាក់ដ៏ស្រស់ស្អាតកុំភ្លេចកន្លែងមួយនេះ។
10. ផ្ទះសំណាក់ អារីណាប៊ូទិកកំពត

ផ្ទះសំណាក់ អារីណាប៊ូទិកកំពត គឺជាកន្លែងគេង ដែលមានអាងហែលទឹករាងចតុកោណកែងដ៏ស្រស់ស្អាត លំអជាមួយសួនច្បារ និងមានទីធ្លាសម្រាប់អាំងសាច់ញ៉ាំជួបជុំគ្នា។ ទីតាំងស្ថិតនៅចម្ងាយប្រហែល 850ម៉ែត្រពីផ្សារសាមគ្គី។
11. ផាកអ៉ីន ប៊ូទិក

ផាកអ៉ីន ប៊ូទិក មានទាំងកន្លែងគេង ហាងកាហ្វេ អាហារ និង Sky bar នៅក្នុងអគារតែមួយ ចំណេញពេលវេលា មិនចាំបាច់ពិបាករកកន្លែងញុំាអី។ ទីតាំងស្ថិតនៅខាងត្បូងមន្ទីរពេទ្យបង្អែកកំពត ចម្ងាយប្រហែល 50ម៉ែត្រពីមាត់ព្រែក។
12. The B Relax

ចង់គេងបែបផ្ទះលំហែជាប់មាត់ទឹកបែបឯកជន អាចមកកាន់ The B Relax បាន។ ទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ១.៧គីឡូម៉ែត្រ។ នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ អមដោយសួនច្បារ រុក្ខជាតិ និងស្មៅពណ៌បៃតងខ្ចី មើលទៅត្រជាក់ភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍។
13. BCE Private House Kampot

សូមស្វាគមន៍មកកាន់ BCE Private House Kampot ដែលជាផ្ទះលំហែឯកជនមួយកន្លែងស្ថិតនៅខេត្តកំពត។ ផ្ទះលំហែនេះមាន២ជាន់ និងឡៅតឿ១ មានគ្រែគេងសរុប៥ អាចគេងបានមនុស្សចំនួន ១០នាក់ដល់ ១២នាក់។ ទីតាំងស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសស្ពានប៊ីស៊ីអ៊ីចូលតាមផ្លូវលំប្រហែល ២០០ម៉ែត្រ។
14. Golden Crab Riverside

Golden Crab Riverside ជាកន្លែងគេងបែបPrivate ជាប់មាត់ទឹកដែលមានសភាពស្ងប់ស្ងាត់ល្អ ចង់បោះតង់គេងក៏បាន ទីធ្លាធំល្មម អាចអង្គុយមើលថ្ងៃលិច មើលទូកនេសាទ និងជួរភ្នំ ស្ទូចត្រីលេង ជិះទូកកៃយ៉ាក និងជួបជុំគ្នាញុំាអាហារពេលល្ងាច។ ទីតាំងស្ថិតនៅចម្ងាយពីរង្វង់មូលទុរេនប្រហែល 5គីឡូម៉ែត្រ។
15. Memory Private House

Memory Private House គឺជាផ្ទះលំហែបែបជំនាន់បារាំង គេងបានភ្ញៀវចំនួនពី ១៤ ទៅ ២០នាក់។ កន្លែងស្នាក់មួយនេះមានទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល 2គីឡូម៉ែត្រពីរង្វង់មូលទុរេន។
16. Parvana House

Parvana House ជាបឹងហ្គាឡូសង់់ឡើងដាច់ដោយឡែកពីគ្នា ពោរពេញដោយរុក្ខជាតិបៃតង មានសួនច្បារ អាងហែលទឹក កន្លែងអង្គុយលេង ព្រមទាំងទីធ្លាសម្រាប់អាំងសាច់ញុាំ និងរៀបចំពិធីជប់លៀងជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ៦គីឡូម៉ែត្រពីរង្វង់មូលទុរេន។
អត្ថបទដោយ៖ ឡុង ថុនី