ភ្នំដំរី មានទីតាំងស្ថិតនៅឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល 44គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានធម្មជាតិដ៏ស្រស់ត្រកាល ពោរពេញទៅដោយភ្នំថ្ម មានទឹកបឹងព័ទ្ធជុំវិញ និងវាលស្រែរបស់អ្នកស្រុកលាតសន្ធឹងរាប់សិបហិកតា។

យើងអាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវលំដែលសាងសង់ឡើងនៅតាមបណ្តោយជើងភ្នំប្របនឹងទឹកបឹង ធ្វើអោយយើងអាចគយគន់ទេសភាពផ្ទៃទឹកដ៏ស្ងប់ស្ងាត់ដែលមានព្រលឹតដុះត្រៀបត្រា រួចយើងអាចសាកល្បងជាមួយនឹងការឡើងភ្នំ ព្រមទាំងស្រូបយកខ្យល់ត្រជាក់បែបធម្មជាតិធ្វើអោយរសាយអស់ទុក្ខកង្វល់។

រីឯពេលល្ងាច យើងអាចមើលថ្ងៃរៀបលិច ព្រមទាំងទស្សនាទិដ្ឋភាពនៅតាមស្រុកស្រែចំការ និងថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ ដើម្បីជាភាពងាយស្រួល យើងគួរតែរៀបចំអាហារ ឬ ភេសជ្ជៈដោយខ្លួនឯងខណៈពេលធ្វើដំណើរកម្សាន្តនៅទីនោះ។

ក្រៅពីជាទីតាំងទេសចរណ៍ តំបន់ភ្នំដំរីក៏ជាអាងស្តុកទឹកដ៏ធំមួយដែលបានសាងសង់ឡើងដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកស្រុក និងសម្រាប់ស្រោចស្រពលើផ្ទៃដីដំណាំនៅតំបន់នោះផងដែរ។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម