...

...

...
...

...

...

...

3.4K

រមណីយដ្ឋានទឹកធ្លាក់៩ជាន់

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

24/12/2021

 

ទឹកធ្លាក់ ៩ជាន់ ជារមណីយដ្ឋានបែបធម្មជាតិដ៏ទាក់ទាញមួយកន្លែងមានទីតាំងស្ថិតនៅលើទឹកដីខេត្តកំពត ក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គោលដៅទេសចរណ៍មួយកន្លែងនេះមានចម្ងាយប្រហែល ៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ រហូតដល់ហួសចំណុចគីឡូម៉ែត្រលេខ ៩៩  បន្តិច រួចបត់់ឆ្វេងចូលតាមខ្លោងទ្វា​ “តំបន់តេជោអភិវឌ្ឍ ឬតំបន់យោធិនទឹកដីតាកែនកោះស្លា” និងបន្តដំណើរទៅមុខប្រមាណ ៨គីឡូម៉ែត្រទៀតនឹងទៅដល់ទីតាំងនោះតែម្តង។ 

បន្ទាប់ពីបានទៅដល់ទីនោះ ភ្ញៀវទេសចរនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ឆ្ងាយពីភាពស្មុគស្មាញទាំងឡាយ ព្រោះតែប្រទះនឹងសម្រស់ទឹកធ្លាក់ដ៏ស្រស់ស្អាតហូរប្រដេញគ្នាលើផ្ទាំងថ្មជាដំណាក់ៗ សរុប៩ជាន់ ស្ថិតនៅកណ្តាលព្រៃព្រឹក្សាតូចធំពណ៌ខៀវស្រងាត់ដុះជាជួរអមទឹកធ្លាក់ដ៏ត្រជាក់គួរអោយចង់ងូតលេងកម្សាន្ត។ កាន់តែពិសេសជាងនេះទៅទៀត នៅតំបន់ទឹកធ្លាក់ ៩ជាន់ក៏មានកញ្ចុះសម្រាប់ជួល និងមានបម្រើសេវាកម្មម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ 

ក្រៅពីការទទួលទានអាហារឆ្ងាញ់ៗ និងការងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរក៏អាចថតរូបផ្តិតយកទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាត ព្រមជាមួយការស្តាប់សម្លេងទឹកហូរប្រៀបដូចជាតន្រ្តីបំពេរអារម្មណ៍យ៉ាងរីករាយ ជាពិសេសមានកន្លែងសម្រាប់បោះតង់សម្រាកនៅទីនោះទៀតផង។ ជាមួយគ្នានេះដែរ ​ភ្ញៀវទេសចរគ្រប់រូបគួរគប្បីចូលរួមជួយថែរក្សាបរិស្ថានទាំងអស់គ្នាដើម្បីរមណីយដ្ឋានស្អាត និងជាគំរូល្អដល់យុវជនជំនាន់ក្រោយ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖ Sroh Jin

ទឹកធ្លាក់
ថតរូប
ហែលទឹកជ្រោះ
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ដំណើរផ្សងព្រេង
ទស្សនាទីជនបទ