រថយន្តធ្វើដំណើរ

ភ្ញៀវទេសចរណ៍អាចមកដល់ខេត្តកំពតតាមរយៈមធ្យោបាយធ្វើដំណើរមួយចំនួនដូចជា រថយន្ត រថភ្លើង ឬ ម៉ូតូតាមចំណូលចិត្តប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្ននេះ ខេត្តកំពត មានការរីកចម្រើនជាខ្លាំង ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានធ្វើការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញមកកាន់ខេត្តកំពត ឲ្យមានលក្ខណៈធំទូលាយជាងមុន និងមានភាពងាយស្រួលក្នុងការធ្វើដំណើរថែមទៀតផង។ ដូច្នេះហើយការធ្វើដំណើរមកកាន់ខេត្តកំពត ភាគច្រើនគឺជ្រើសរើសយករថយន្ត ធ្វើជាមធ្យោបាយ។
ដោយសារតែទំនើបកម្ម មានការរីកចំរើនជាលំដាប់ មានរថយន្តជាច្រើនប្រភេទសម្រាប់បម្រើសេវាកម្មដឹកអ្នកដំណើរមកកាន់ខេត្តកំពត ប្រកបដោយផាសុកភាព សុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងសេវាកម្មល្អរួមមាន ប្រភេទរថយន្តក្រុងមានដូចជា ក្រុមហ៊ុនវីរៈប៊ុនថាំ ក្រុមហ៊ុនភ្នំពេញសូរិយា ប្រភេទរថយន្តអិុចប្រេសរួមមានដូចជា គីមសេងអិុចប្រេស ឯករាជ្យអិុចប្រេស កំពតអិុចប្រេស ឡារីតាអិុចប្រេស និងប្រភេទតាក់ស៊ីមានដូចជា ពូណាក់តាក់ស៊ី ព្រមទាំងមានរថយន្តជាច្រើនទៀតសម្រាប់លោកអ្នកធ្វើការជ្រើសរើស។
ជាទូទៅ រថយន្តចេញដំណើរនៅចន្លោះម៉ោង 7:00 AM ទៅ 8:00 AM។
រីឯតម្លៃសំបុត្ររថយន្ត EXPRESS VIP វិញ ជាធម្មតា 6$ ក្នុងម្នាក់ បើយើងធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពត ។ ដើម្បីភាពងាយស្រួល លោកអ្នកអាចធ្វើការទំនាក់ទំនងទិញសំបុត្ររថយន្តធ្វើដំណើរតាមរយៈក្រុមការងារ Visit Kampot បាន។
អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា









